សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​ Welcome to klk-radio.blogspot.com Website !!!​ គេហទំព័រ klk-radio.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: klkradio@gmail.com សូមអរគុណ !!!

សេចក្តីអំពាវនាវ វិទ្យុ ខ្មែរស្រលាញ់ខ្មែរ

KLK-Radio News ( វិទ្យុ ខ្មែរស្រលាញ់ខ្មែរ )

Thursday, March 1, 2012

ក្រុមហ៊ុន​វៀតណាម​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​អ្នក​ភូមិ​នៅ​រតនគិរី

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជាង ៥០​នាក់ នៅ​ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី បាន​នាំ​គ្នា​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​សង្គម​ស៊ីវិល​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​សហគមន៍។

តំណាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជាង ១០០​គ្រួសារ រស់​នៅ​ភូមិ​ម៉ាលិច ឃុំ​ម៉ាលិច ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ប្រទេស​វៀតណាម ឈ្មោះ វាសនា អ៊ិនវេសមិន(Veasna Investment) បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ម៉ាលិច លោក ស៊ូ សុផាត មាន​ប្រសាសន៍​បញ្ជាក់​ថា ដីធ្លី​ស្រែ​ចំការ ភូមិឋាន​ប្រជាពលរដ្ឋ​បាន​ឋិត​ក្នុង​រង្វង់​ហ៊ុមព័ទ្ធ​របស់​ដី​សម្បទាន ហើយ​ផ្នែក​ខ្លះ​នៃ​ដី​ចំការ​វិល​ជុំ​របស់​ពួកគាត់ ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​ទន្ទ្រាន​យក និង​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​អ្នក​ភូមិ។
លោក​បន្ត​ថា អ្នក​ភូមិ​នឹង​ត្រូវ​ក្រុមហ៊ុន​ផាក​ពិន័យ ឬ​ប្រឈម​ទៅ​នឹង​ការ​ប្ដឹង​តាម​ផ្លូវ​តុលាការ ប្រសិន​អ្នក​ភូមិ ឬ​សត្វ​ពាហនៈ ពួក​គាត់​ចូល​ទៅ​ក្នុង​បរិវេណ​ដី​សម្បទាន ហើយ​ធ្វើ​ឲ្យ​ខូច​ខាត​ដំណាំ​កៅស៊ូ​ក្រុមហ៊ុន៖ «គេ​ថា អភិវឌ្ឍន៍​ស្បែក​ខ្លា​ហ្នឹង​ណា! ឲ្យ​តែ​នៅ​ព្រៃៗ​បន្តិច គេ​បាញ់​ថ្នាំ​អស់។គេ​ឆ្វៀល​ដី​ស្រែ​ដី​ចំការ​យើង​ណា! គេ​អត់​យក​ទេ តែ​គ្រាន់​គេ​ឆ្វៀល​ជុំវិញ​ដូច​តែ​យក​អ៊ីចឹង។
ដី​យើង​នៅ​ៗ​ចុះ តែ​គ្រាន់​កៅស៊ូ​គេ​ដាំ​ជុំវិញ​អស់​ហើយ បើ​សិន​បាក់​កៅស៊ូ​គេ​មួយ​ដើម ៥០០​ដុល្លារ តើ​យើង​មាន​លុយ​ឯ​ណា?»
កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ ខែ​កុម្ភៈ ប្រជាពលរដ្ឋ​ភូមិ​ម៉ាលិច មាន​គ្នា​ជាង ៥០​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ក្រុង​បានលុង ខេត្ត​រតនគិរី ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត និង​អង្គការ​សង្គម​ស៊ីវិល ពីព្រោះ​ពួក​គាត់​អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នោះ​បាន​ឈូស​ឆាយ​លើ​ដី​ចំការ​វិល​ជុំ​អ្នក​ភូមិ​ប្រមាណ​ពី ១០ ទៅ ២០​ហិកតារ ចាប់​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន ដើម្បី​ពង្រីក​ដី​សម្បទាន។
ក្រុមហ៊ុន​វាសនា អ៊ិនវេសមិន ទទួល​បាន​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​ជាង ៥.០០០​ហិកតារ នៅ​ស្រុក​អណ្តូងមាស។ អាជ្ញាធរ​ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ផ្ទៃ​ដី​សម្បទាន​នោះ​មាន​ពាក់ព័ន្ធ​នឹង​ដី​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ នៅ​ឃុំ​តាលាវ និង​មួយ​ភូមិ​នៅ​ឃុំ​ម៉ាលិច។
វិទ្យុ​អាស៊ីសេរី​មិន​អាច​រក​អាសយដ្ឋាន និង​ទូរស័ព្ទ​ទាក់ទង​តំណាង​ក្រុមហ៊ុន​វាសនា អ៊ិនវេសមិន ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១២។
អភិបាល​ស្រុក​អណ្តូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​បាន​សិក្សា​កាត់​ដី​ស្រែ​ចំការ​ផល​ប៉ះពាល់​អ្នក​ភូមិ​ម៉ាលិច ចំនួន ១៣៨​គ្រួសារ រួច​រាល់​ហើយ គឺ​មាន​ផ្ទៃ​ដី​សរុប​ជាង ៨៦០​ហិកតារ ក្នុង​នោះ​មាន​ដី​ស្រែ​ចំការ ដី​លំនៅឋាន ដី​ទី​កប់​សព និង​ដី​ទី​សក្ការៈ​គោរព​បូជា​របស់​អ្នក​ភូមិ។ ទន្ទឹម​នេះ​ដែរ ស្ថាប័ន​ព្រៃ​ឈើ​ក៏​បាន​កាត់​ដី​ព្រៃ​ឈើ ៩០០​ហិកតារ​ទៀត សំរាប់​អ្នក​ភូមិ​អភិរក្ស​ថែ​រក្សា និង​អាស្រ័យ​ផល។
លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​យឺតយ៉ាវ មិន​បាន​សហការ​ជាមួយ​អ្នក​ភូមិ​ចុះ​វាស់វែង​ទីតាំង​កម្មសិទ្ធិ​អ្នក​ភូមិ​ទាន់​ពេល​វេលា ហេតុ​នេះ​ទើប​កើត​មាន​បញ្ហា​នេះ​ឡើង។ លោក​ថា​នឹង​ស្វែង​រក​ដំណោះស្រាយ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រំលោភ​បំពាន​មក​លើ​ប្រជាពលរដ្ឋ​នោះ​ឡើយ៖ «គ្មាន​​នរណា​បិទ​សិទ្ធិ​ទេ អូរ​មួយ​មាន​ទឹក​ហ្នឹង គេ​ទុក ៥០ ទៅ ១០០​ម៉ែត្រ​សង​ខាង​អូរ។ សុទ្ធ​តែ​ទុក​ឲ្យ​គាត់​សោយ​ផល។ គោ​ក្របី​ទៅ​មើល​នៅ​នោះ ដី ១០០​ហិកតារ​ឯ​ណោះ»
អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ភូមិ​ម៉ាលិច បាន​មក​កាន់​ការិយាល័យ​សមាគម​កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ ខែ​កុម្ភៈ កន្លង​ទៅ ដើម្បី​សុំ​ឲ្យ​លោក​ជួយ​រក​ដំណោះស្រាយ​គាំពារ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច។
លោក​សំណូមពរ​ឲ្យ​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​ករណី​ឈូស​ឆាយ​ដី​សម្បទាន​នេះ​ឡើង​វិញ និង​ធ្វើ​ការ​សម្របសម្រួល​បញ្ចៀស​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ៖ «នៅ​ក្នុង​ហ្នឹង​វា​មាន​ព្រៃ​មាន​អី ខ្លះ​នៅ​កន្លែង​ដី​ចំការ​គាត់​ហ្នឹង បើ​សិន​យើង​ប្រើ​ស្បែក​ខ្លា​ឆ្វៀល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​គាត់។សំណូមពរ​គាត់​ពិត​ជា​ត្រឹមត្រូវ​ហើយ»
យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​អណ្តូងមាស លោក នង ដារិទ្ធ បាន​បញ្ជាក់​ថា នៅ​ចុង​សប្ដាហ៍​នេះ​អាជ្ញាធរ​ខេត្ត​គ្រោង​ថា នឹង​ចុះ​ទៅ​ភូមិ​ម៉ាលិច ដើម្បី​ដោះស្រាយ​បញ្ហា​កើត​មាន​ចំពោះ​អ្នក​ភូមិ និង​ធ្វើ​យ៉ាង​ណា​អនុវត្ត​គោលការណ៍​ផ្ដល់​ដី​សម្បទាន​រូបភាព​ស្បែក​ខ្លា​ស្រប​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ៕

No comments:

Post a Comment