ប្រជាពលរដ្ឋនៅភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ឈ្មោះ កែវ កូយ បានថ្លែងថា ក្រោយពីនាយករដ្ឋមន្ត្រីរំសាយឡូត៍នេសាទពីតំបន់អភិរក្សដោយរដ្ឋ ប្រគល់ឲ្យពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារវិញ នៅខេត្តតាកែវ បឹងដែលមានឡូត៍នេសាទក្នុងនោះ លេខ១៣ និងលេខ១៥ នៅតែមានជនជាតិវៀតណាមចូលមកនេសាទជាធម្មតា ហើយនៅតែប្រើឧបករណ៍ឆក់ និងស្បៃមុងខុសច្បាប់ចាប់យកត្រីពីបឹងដដែល ៖ "ឧបករណ៍នេសាទដូចជាឆក់ត្រី ហើយកាលពីថ្ងៃទី៨ ប្រជាពលរដ្ឋទៅព័ទ្ធចាប់យួនដោយផ្ទាល់ ហើយវារត់រួចទៅ យើងចាប់អត់បាន ដោយកម្លាំងសមត្ថកិច្ចអត់ចូលរួម"។
ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ សំអាត អះអាងថា មន្ត្រីជលផលចាប់តែជនជាតិខ្មែរ ដែលប្រើឧបករណ៍ឆក់ តែបណ្ដោយឲ្យជនជាតិវៀតណាមប្រើឧបករណ៍ឆក់ និងលូស្បៃមុង ៖ "យួនដែលវាចូលកាងបំផ្លាញឡូតិ៍នេសាទលេខ១៣ ដែលលោកសម្ដេច ហ៊ុន សែន ឲ្យរកស៊ីហ្នឹង ដែលយួនជាមេ វានាំចូលមកក្នុងរាល់ថ្ងៃនឹងឈ្មោះជ្រុប ព្រោះវាកាងបើវៀតណាមចុះវាបង់ពន្ធឲ្យអាជ្ញាធរសមត្ថកិច្ច ខាងអង្គរបុរីនោះហើយអស់ហើយ ដល់ពេលវាចូលមកគេធ្វើមិនដឹងមិនឮ គេធ្វើមិនឃើញទាំងអស់ មានតែប្រជាពលរដ្ឋទេដែលប្រឈមមុខជាមួយគេរាល់ថ្ងៃ"។
លោក ស្រ៊ឺ បន្ថែមថា ឧបករណ៍ឆក់ត្រីរបស់ជនជាតិវៀតណាមក្នុងឡូត៍លេខ១៣ គឺឆក់តែ ១យប់ យកត្រីបានប្រមាណ ២០០គីឡូក្រាមឯណោះ។ មិនតែប៉ុណ្ណោះ ត្រីនៅក្បែរកន្លែងឆក់ ប្រមាណកន្លះម៉ែត្រ ទៅ១ម៉ែត្រ ជុំវិញនោះ ក៏ត្រីស្រងល់ដែរ ៖ "វាឆក់នោះនិយាយឲ្យចំតាំងពីត្រីផ្ទក់ ត្រីអណ្ដែង ត្រីចង្វាអីងាប់ទាំងអស់ អត់មានសល់ទេ ឲ្យតែត្រី អន្ទង់អីនឹង។ ជុំវិញវាឆក់នឹងគឺជុំវិញនឹង គឺថាត្រីស្រងល់តែម្ដង សូម្បីតែវាមិនងាប់ក៏ត្រីស្រងល់ដែរ"។
លោក ប៊ុត បានថ្លែងថា មន្ត្រីជលផលហាក់ដូចមិនបង្ក្រាបបទល្មើសប្រើឧបករណ៍ឆក់របស់ជនជាតិវៀតណាម មកឆក់បំផ្លាញសំបុកត្រីក្នុងបឹងតាកែវ នៃប្រទេសកម្ពុជាឡើយ ៖ "អ៊ីចឹងកាត់ហ្នឹង ដូចកាត់ឲ្យយួនតែដដែលហ្នឹង។ កាត់ហើយអត់គ្រប់គ្រង អត់ថែរក្សា អត់ជួយមើល តើប្រជាជនទៅធ្វើម៉េចគេកើត"។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីជលផលជម្រាបសួរព័ត៌មានបានទេនៅថ្ងៃអាទិត្យ ទី១១ ខែមីនា។
តែអាជ្ញាធរភូមិបាក់ដៃ អ្នកស្រី មុត ណាត បានថ្លែងថា ពលរដ្ឋក្នុងភូមិមាន ១៣៧គ្រួសារ។ ក្នុងនោះជាង ៨០គ្រួសារ បានប្រកបរបរនេសាទ។ ប៉ុន្តែការនេសាទបច្ចុប្បន្ន ពលរដ្ឋចាប់ត្រីដោយដៃ ពីព្រោះត្រីមិនសំបូរក្នុងបឹង និងឡូត៍នេសាទទេ ដោយសារជនជាតិវៀតណាម នៅតែប្រើឧបករណ៍ឆក់ច្រើនគ្រឿង ចូលមកចាប់ត្រីក្នុងទឹកដីខ្មែរ ៖ "រឿងវៀតណាមនៅតែចូលមករាល់តែថ្ងៃ អាប្រដាប់ឆក់ឥឡូវហ្នឹងក៏អត់មានបន្ថយទេ នៅតែដដែលអាឧបករណ៍ខុសច្បាប់នឹងខែ១ ខែ២នឹងមកម្តង សុទ្ធតែ ១០គ្រឿង ១៥គ្រឿង ប៉ុន្តែឥឡូវនេះកាត់បន្ថយហើយ មាន៣គ្រឿង ៤គ្រឿង ដោយសារទឹករាក់ វាអត់សូវមានត្រីផង"។
មេប៉ុស្តិ៍ឃុំគោកធ្លក លោក សូ សឿន មានប្រសាសន៍ថា នៅក្នុងខែមេសា ឆ្នាំ២០១២ ក្រោយពីអនុក្រឹត្យណែនាំពីនាយករដ្ឋមន្ត្រីឲ្យប្រគល់ឡូត៍នេសាទទាំងអស់ទៅឲ្យពលរដ្ឋធ្វើនេសាទវិញ លោកនឹងឃ្លាំមើលឡូតិ៍លេខ១៥ ដែលកំពុងមានឯកជនគ្រប់គ្រងនៅឡើយ ក្នុងខែមីនានេះ។
កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ លោក ហ៊ុន សែន បានចេញអនុក្រឹត្យស្ដីពីការរំសាយឡូត៍នេសាទទាំងអស់នៅក្នុងខេត្តកណ្ដាល កំពង់ចាម តាកែវ និងខេត្តព្រៃវែង ត្រូវរំសាយជាកន្លែងនេសាទបម្រុងចាប់ពីថ្ងៃ១០ ខែមេសា ឆ្នាំ២០១២ តទៅ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ និងមួយផ្នែកទៀត រៀបចំធ្វើជាកន្លែងអភិរក្សជលផល។
មាត្រាទី៥ បានសរសេរថា ចំពោះសហគមន៍នេសាទដែលមានកន្លែងនេសាទនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម ត្រូវបានអនុញ្ញាតឲ្យបោះរបាំង ធ្នស់ ចាប់ត្រី។ ប៉ុន្តែហាមមិនឲ្យជនណាមួយហួងហែងយកទៅលក់ ឬជួលឲ្យឯកជនធ្វើអាជីវកម្មផ្ដាច់មុខឡើយ៕
No comments:
Post a Comment