រាជធានីភ្នំពេញ ៖ គូស្មេហ៍វ័យក្មេងមួយគូខាងប្រុសជានិស្សិតឆ្នាំទី៤ ឯខាងស្រីជារដ្ឋបាលក្រុមហ៊ុនបានរងរបួសយ៉ាងធ្ងន់ធ្ងរទាំងពីរនាក់ ដោយសារក្រុមចោរប្លន់ធ្វើសកម្មភាពវាយនឹងដំបងឈើជ្រុងប្លន់យកម៉ូតូ១គ្រឿង ខណៈដែលពួកគេកំពុងអង្គុយសាសងស្នេហាជាមួយគ្នានៅទីងងឹតកន្លែងស្ងាត់មួយកន្លែង ហើយក្រុមចោរបានយកម៉ូតូជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ឯនាងរងគ្រោះដែលរបួសស្រាលជាងយុវជនជាសង្សារបានខំប្រឹងរត់ទាំងត្រដាបត្រដួសចេញពីកន្លែងកើតហេតុទៅឱ្យអ្នកភូមិនៅជិតនោះជួយ ទើបមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ មីនា នៅចំណុចដីវាលកន្លែងស្ងាត់ ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ គូស្នេហ៍ដែលរងរបួសធ្ងន់ធ្ងរដោយសារក្រុមចោរវាយនិងដំបងឈើជ្រុងនោះខាងយុវជនឈ្មោះវង់ ចំរើន អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៤ មានទីលំនៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌពោធិ៍សែនជ័យ ឯនារីជាសង្សារឈ្មោះឯក សុភា អាយុ២៤ឆ្នាំ ជាបុគ្គលិករដ្ឋបាលក្រុមហ៊ុន ភីអាយស៊ី មានទីលំនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយម៉ូតូដែលបាត់បង់ម៉ាកស៊ុយហ៊្សុយសូគីវីវ៉ា ។ ចំណែកឯក្រុមចោរមាគ្នាពីរនាក់ បើតាមការអះអាងពីកន្លែងកើតហេតុថា ក្រុមចោរនោះមានប្រើប្រាស់ខ្នោះដៃ វិទ្យុទាក់ទង និងជិះម៉ូតូម៉ាស៊ុយហ៊្សុគីស្មាស់ ពណ៌ខ្មៅ និងប្រដាប់ដោយដំបងឈើជ្រុង ប៉ុន្តែពុំដឹងថាពួកចោរមានកាំភ្លើងខ្លីដែរ ឬអត់នោះទេ ហើយតាមសមត្ថកិច្ចសន្និដ្ឋានថា គឺជាមុខសញ្ញាដែលវាយសម្លាប់គូសង្សារប្លន់យកគ្រឿងអលង្ការកាលពីជាងកន្លះខែមុននេះ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុគូសង្សារមួយគូនោះបានជិះម៉ូតូឌុបគ្នាទៅកាន់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់ និងងងឹតអត់មានមនុស្សចូលទៅដល់ ដើម្បីអង្គុយកៀកកើយសាសងគ្នា ។ នៅពេលកំពុងសាងស្នេហ៍ដ៏ផ្អែមល្ហែមភ្លេចខ្លួនស្រាប់តែក្រុមចោរដៃឆៅខាងលើជិះម៉ូតូទៅដល់ឈប់ជិត រួចប្រើដំបងឈើជ្រុងគំរាមឱ្យគូសង្សារនោះអង្គុយលុតជង្គង់ទាំងពីរនាក់ រួចពួកវាក៏បានធ្វើសកម្មភាពវាយដោយមិនញញើតដៃ បណ្តាលឱ្យពួកគេរងរបួសដេកដួលនៅនឹងកន្លែង បន្ទាប់មកពួកវាបានយកម៉ូតូជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព៕
No comments:
Post a Comment