កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍រាយការណ៍កាលពីថ្ងៃទី១៦ មីនា កន្លងមកនេះថា អតីតប្រមុខបណ្តាញភេរវកម្មអាល់កៃដា អូសាម៉ា ប៊ីនឡាដេន បានចេញបញ្ជាតាំងពីមុនពេលគេស្លាប់ឱ្យបណ្តាមនុស្សរបស់គេរៀបចំសាខាពិសេសនានានៅអាហ្វហ្គានីស្ថាន និងនៅប៉ាគីស្ថាន ដើម្បីវាយប្រហារយន្តហោះរបស់ប្រធានាធិបតីអាេមរិក លោកអូបាម៉ា និងឧត្តមសេនីយ៍ DAVID PETRAEUS អតីតមេបញ្ជា ការកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន ។
ផែនការនេះត្រូវបានរកឃើញក្នុងឯកសារទាំងឡាយ ដែលរឹបអូសយកបានក្នុងផ្ទះ ដែលអតីតប្រមុខអាល់កៃដានោះ ត្រូវសម្លាប់ក្នុងការវាយឆ្មក់មួយរបស់អាមេរិកកាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០១១ នៅប៉ាគីស្ថាន ។ កាសែតនេះបានដកស្រង់សម្តីរបស់មន្ត្រីអាមេរិកទាំងឡាយថា មនុស្សដែលប៊ីនឡាដេនជ្រើសរើសសម្រាប់ធ្វើការវាយប្រហារប្រឆាំងប្រធានាធិបតីអាមេរិក និងឧត្តមសេនីយ៍ PETRAEUS គឺបុរសប៉ាគីស្ថាន ឈ្មោះអ៊ីលយ៉ាស់ កាស្មីរី ។
១ខែក្រោយការស្លាប់របស់ប៊ីឡាដេន ជនឈ្មោះកាស្មីរី ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយរបស់អាមេរិកនៅប៉ាគីស្ថាន កាលពីខែមិថុនា ឆ្នាំ២០១១ ។ ក៏ប៉ុន្តែវ៉ាស៊ីតោនប៉ុស្តិ៍គូសបញ្ជាក់ថា ផែនការនេះរបស់ប៊ីនឡាដេន គ្រាន់តែជាការ គ្រោងមួយប៉ុណ្ណោះ ពីព្រោះពិតណាស់ អាល់កៃដា ពុំមានអាវុធដែលអាចបាញ់ទម្លាក់បណ្តាយន្តហោះអាមេរិកឡើយ ៕
No comments:
Post a Comment