តូក្យូៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ថា ជប៉ុន បានចាប់ផ្ដើមប្រារព្ធខួប១ឆ្នាំ នៃគ្រោះរញ្ជួយដី នៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំមុន ។
នៅថ្ងៃអាទិត្យ ទី១១ ខែមីនា នេះ ប្រទេសជប៉ុន បានរៀបចំខួប១ឆ្នាំ នៃគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ដែលមិនធ្លាប់កើតមានឡើង ដោយសារព្យុះស៊ូណាមិ បានសម្លាប់ពលរដ្ឋ ជប៉ុនអស់ប្រមាណ ១៩ពាន់នាក់ និងធ្វើឱ្យជីវភាពលរដ្ឋ ជប៉ុនរាប់រយពាន់នាក់ ប្រឈមនឹងបញ្ហាជាច្រើន បន្ទាប់ពីរងការបំផ្លាញ ដោយសារគ្រោះធម្មជាតិនេះ ។
គួររំលឹកថា គ្រោះរញ្ជួយដីនៅក្នុង ប្រទេសជប៉ុនកាលពីឆ្នាំមុន មានកម្រិតរញ្ជួយ ៩រ៉ិចទ័រឯណោះ ដែលគេចាត់ទុកជា កម្រិតខ្ពស់ ដែលពិភពលោកកម្រជួបប្រទះ ។ គ្រោះធម្មជាតិមួយនេះ បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ២ភាគរយដែរ ធៀបនឹងកំណើនជីឌីភី ។ ម្យ៉ាងទៀត ផ្អែកតាមការប៉ាន់ប្រមាណ ទំហំនៃការខូចខាត ដោយសារ គ្រោះធម្មជាតិនេះ មានទឹកប្រាក់រាប់ពាន់លានដុល្លារផងដែរ ។
គេបានឃើញពលរដ្ឋជប៉ុន បាននាំគ្នាប្រារព្ធ ខួបមួយឆ្នាំនេះឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ ជីវិតដោយសារគ្រោះរញ្ជួយដី ដោយមានអ្នក ចូលរួមយ៉ាងកុះករ នៅក្នុងទីក្រុងតូក្យូ ។
បន្ទាប់ពីមានព័ត៌មាន ចុះផ្សាយអំពីពិធីប្រារព្ធខួប ខាងលើនេះ កាលពីសបា្ដហ៍មុន ក៏មានសារព័ត៌មានមួយចំនួនចុះ ផ្សាយផងដែរលើ ករណីគ្រោះរញ្ជួយដី នៅក្នុងប្រទេសជប៉ុន ដោយក្រុមអ្នកវិទ្យាសាស្ដ្រជប៉ុន បានព្យាករណ៍ថា នឹងមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរ កើតឡើងម្ដងទៀតនៅទីក្រុងតូក្យូ ។
ជាក់ស្ដែងនៅថ្ងៃអាទិត្យ ទី១១ នេះក៏មានករណីរញ្ជួយដីថ្មីមួយ ក្នុងកម្រិតរញ្ជួយជាង៥រ៉ិចទ័រដែរ តែមិនទាន់មានព័ត៌មានលម្អិត ស្ដីអំពីទំហំនៃការខូចខាត និង បាត់បង់ជីវិតមនុស្ស ច្បាស់លាស់នៅឡើយទេ ។
ក្រុមអ្នកវិភាគជាច្រើន បានលើកឡើងថា បន្ទាប់ពីជប៉ុនរងគ្រោះ ដោយសារគ្រោះធម្មជាតិ ក្នុងនោះមានព្យុះ ស៊ូណាមិ និងរញ្ជួយដី រួមទាំងគ្រោះធម្មជាតិ មួយចំនួនទៀត បានបង្កឱ្យកំណើនសេដ្ឋកិច្ច របស់ប្រទេសនេះ ថយចុះច្រើនដែរ ៕
No comments:
Post a Comment