ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបានរាយការណ៍ថា មហាសេដ្ឋីជំនួញចិនម្នាក់ដែលត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជាមួយមន្ត្រីគណបក្សកុំម្មុយនីស្ត លោក បូ ស៊ីឡៃ នោះ ត្រូវបានគេឃាត់ខ្លួន ក្នុងការវិត្តន៍ផ្លាស់ប្តូរយ៉ាងឆាប់រហ័សមួយបន្ថែមពីលើរឿងអាស្រូវនយោបាយ ។
ទស្សនាវដ្តីប្រចាំសប្តាហ៍ ENN Weekly ដែលគាំទ្រដោយទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ បាននិយាយនៅក្នុងរបាយការណ៍បង្ហោះតាមអ៊ីនធឺណេតថា លោក ស៊ូ មីង (Xu Ming) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានជាងគេបំផុតនៅក្នុងប្រទេសចិន ត្រូវបានគេដាក់ក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃទី ១៥ មិនា ។
ទស្សនាវដ្តីនេះបាននិយាយក្នុងរបាយការណ៍ចុះកាលពីថ្ងៃសៅរ៍ថា លោកស៊ូ មីង ដែលក្រុមហ៊ុន Shide Group របស់លោក ឧបត្តម្ភដល់ក្លឹបបាល់ទាត់ចិនមួយនោះ ត្រូវបានឃុំខ្លួនដោយស្ថានប័នដ៏មានអំណាច ដែលបានស៊ើបអង្កេតករណីពុករលួយនៅក្នុងជួរមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សកុំម្មុយនីស្តកាន់អំណាច ។
របាយការណ៍ដែលមិនអាចត្រូវបានបញ្ជាក់ដោយឯករាជ្យបាននេះ មិនបានផ្តល់នូវព័ត៌មានលំអិតអំពីការចោទប្រកាន់ប្រឆាំងលោកស៊ូ ឬ ទំនាក់ទំនងលោកជាមួយនឹងលោកបូ ស៊ីឡៃ ដែលត្រូវបានបណ្តេញចេញពីមេដឹកនាំបក្សក្រុងចុងគីងកាលពីថ្ងៃ១៥ មិនានោះទេ ។
លោកស៊ូធ្លាប់រស់នៅទីក្រុងដាលៀនភាគឦសានប្រទេសចិនជាទីដែលលោក បូ ស៊ីឡៃ ធ្លាប់ធ្វើជាអភិបាលក្រុង និង ជាប្រធានបក្សកុំម្មុយនីស្តអស់មួយទសវត្សរ៍ មុនពេលបានឡើងតំណែងជាបន្តបន្ទាប់ ។
កាសែតហុងកុងបានរាយការណ៍ថា អ្នកទាំងពីរធ្លាប់ជាមិត្តភក្តិនឹងគ្នា ដូច្នេះហើយទើបលោកស៊ូ មីង ជួយផ្តល់ប្រាក់ថ្លៃសិក្សឲ្យកូនប្រុសរបស់លោកបូ ស៊ីឡៃ ឈ្មោះ បូ ហ្គាហ្គា ដែលបានចូលរៀននៅសាកលវិទ្យាល័យអុកស្វត និង សាលារៀនល្បីរបស់អង់គ្លេស Harrow ។
កាសែត Shanghai Daily បាននិយាយថា លោក ស៊ូ មីង ដែលមានទ្រព្យសម្បត្តិ ៤,៤ ពាន់លានយ័ន (៧០០ លានដុល្លារអាមេរិក) បើផ្អែកតាមទស្សនាវដ្តី Forbes នោះ បានបាត់បង់ការទាក់ទងជាមួយក្រុមហ៊ុន Shide Group របស់លោក ដែលរកចំណូលបាន ១២ ពាន់លានយ័នក្នុងមួយឆ្នាំ បន្ទាប់ពីលោកបូ ស៊ីឡៃត្រូវបានបណ្តេញចេញពីតំណែង ៕
No comments:
Post a Comment