ភ្នំពេញៈ គ្រាន់តែនៅក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០១២នេះ តាមរយៈការធ្វើការវាយតម្លៃយ៉ាងលម្អិតរបស់ ភ្នំពេញ ប៉ុស្តិ៍ បានឲ្យដឹងថា តារាចម្រៀងខ្ញីចាស់កាន់តែហឹរ គ្រងតំណែងកំពូលជាងមួយទសវត្សរ៍លោក ព្រាប សុវត្ថិ អាចរកចំណូលបានប្រមាណជិតកន្លះលានដុល្លារពីអាជីពចម្រៀងរបស់ ខ្លួន។
ការទទួលបានចំណូលយ៉ាងក្រាស់ក្រែល ខណៈដែលខ្លួនមានវ័យកាន់តែចាស់ជាងមុនរបស់កំពូលតារាចម្រៀងស្រុក ខ្មែរនាសម័យបច្ចុប្បន្នលោក ព្រាប សុវត្ថិ ត្រូវបានគេមើលឃើញថា ចំណូលដ៏ខ្ពស់របស់លោក ក្នុងអំឡុងពេលដែលកេរ្តិ៍ឈ្មោះមិនសូវផ្ទុះខ្លាំងដូចកាលពី ប៉ុន្មានឆ្នាំមុននេះ ទទួលបានតាមរយៈការថតស្ប៉តពាណិជ្ជកម្មធំបី និងតូចល្មមមួយចំនួន រួមជាមួយនឹងការចេញច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីនានាទាំងនៅ ភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
ជាមួយនឹងចំណូលដ៏ខ្ពស់មិនមានតារាចម្រៀងណាម្នាក់អាចប្រៀបផ្ទឹម បាននៅពេលនេះ ភ្នំពេញ ប៉ុស្តិ៍ បានទទួលព័ត៌មានពីបណ្តាស្ថាប័នអ្នករៀបចំកម្មវិធីនានាថា តារារូបនេះ មានតម្លៃខ្លួនខ្ពស់កប់ពពក ទោះបីជារូបលោកមានវ័យកាន់តែដើរផុតពីចង្កោមយុវវ័យបន្តិចក្តី ។ តាមរយៈអ្នករៀបចំកម្មវិធីម្នាក់នៅទូរទស្សន៍បាយ័នបានឲ្យដឹងថា លោក ព្រាប សុវត្ថិ មានតម្លៃខ្ពស់ណាស់ ពិសេសនៅក្នុងឆ្នាំថ្មីនេះតែម្តង។
អ្នករៀបចំកម្មវិធីរូបនោះ បានបន្តថា តម្លៃខ្លួនរបស់លោក ព្រាប សុវត្តិ ពេលច្រៀងមួយកម្មវិធីមានតម្លៃខ្លួនចន្លោះពី៣០០០ទៅ៤០០០ដុល្លារ ពោលគឺមានការប្រែប្រួលទៅតាមទីតាំងជិតឆ្ងាយ ខេត្ត ឬក៏ក្រុង។ អ្នករៀបកម្មវិធីមួយចំនួនបានបង្ហើបឲ្យដឹងថា ពេលលោក ព្រាប សុវត្ថិ ច្រៀងនៅភ្នំពេញ តម្លៃខ្លួនគឺ៣០០០ដុល្លារ ឬក៏ច្រើនជាងនេះ។ រីឯតម្លៃខ្លួនរបស់លោកទៅច្រៀងនៅតាមបណ្តាខេត្តវិញ គឺចន្លោះពី៣៥០០ទៅ៤០០០ដុល្លារ ដែលតម្លៃខ្លួននេះមានការកើនឡើងខ្ពស់ ខណៈដែលតារាចម្រៀងមួយចំនួនបានធ្លាក់តម្លៃខ្លួននោះ។
ទាក់ទិននឹងតម្លៃខ្លួននេះ កំពូលតារាចម្រៀង ព្រាប សុវត្តិ ហាក់មានភាពស្ទាក់ស្ទើរក្នុងការប្រាប់ស្តីពីព័ត៌មានពិស្តារ ដោយលោកបានលើកហេតុផលថា៖«បាទ សុំទោស រឿងនេះ ខ្ញុំមិនអាចប្រាប់ដោយបើកចំហបានទេ ខ្ញុំសុំទុករឿងនេះជារឿង secret (ការសម្ងាត់) តែត្រង់គេថា ៣០០០ ឬ៤០០០ដុល្លារហ្នឹង វាជារឿងរបស់គេ»។
ស្របពេលដែលចំណូលកើនឡើងដូចចាក់គរនេះ គឺជាភាពងាយស្រួលមួយសម្រាប់លោក ព្រាប សុវត្ថិ នៅក្នុងការសម្តែងភាពហ៊ឺហាប្តូរមកជិះរថយន្ត Range Rover (Autoliography Sport) ស៊េរីឆ្នាំ២០១១ ដែលមានតម្លៃប្រមាណជាង១២ម៉ឺនដុល្លារ ក្រោយពេលដែលលោកហាក់ដូចជាសុំាទៅនឹងការបើករថយន្តឡិចស៊ីស ៣០០ អស់រយៈពេលជាច្រើនឆ្នាំនោះ។ ឈានចូលដើមឆ្នាំ២០១២នេះ លោក ព្រាប សុវត្ថិ បានសម្រេចចិត្ត១៨០ដឺក្រេប្តូរមកជិះរថយន្ត Range Rover ថ្មីសន្លាង ក្រោយពេលលោកត្រូវប៉ាន់នឹងប្រាក់ចំណូលជិតកន្លះលានដុល្លារនោះ។
ទោះទើបទិញរថយន្តស៊េរីថ្មីជិះឲ្យសមនឹងកាលីបតារាល្បីក្តី តែតារារូបនេះនៅតែដាក់ខ្លួន ហើយនិយាយថា៖«សុំកុំបាច់និយាយអីបងរឿងតម្លៃហ្នឹង ខ្មាសគេ»។
តាមការរាយការណ៍ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន បានឲ្យដឹងថា ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់របស់លោក ព្រាប សុវត្ថិ ទាំងនោះទទួលបានពីការថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនបណ្តាញ ទូរស័ព្ទអឹមហ្វូន ( M Fone) ក្នុងតម្លៃខ្លួនប្រមាណ១០ម៉ឺនដុល្លារ ហើយថ្មីៗនេះ លោកទើបតែថតបញ្ចប់ស្ប៉តពាណិជ្ជកម្មឆ្នោតថ្នាក់ជាតិឲ្យសណ្ឋាគារ លំដាប់ផ្កាយ៥ ណាហ្គាវើល(Naga World) ក្នុងទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារ និងមួយទៀត គឺលោកបានថតស្ប៉តឲ្យធនាគារក្នុងស្រុកមួយ។ ក្រៅពីស្ប៉តធំទាំងបី គេក៏សង្កេតឃើញតារារូបនេះបានថតស្ប៉តពាណិជ្ជកម្មឲ្យបណ្តាក្រុម ហ៊ុនផលិតផលមួយចំនួនទៀតផងដែរ ដែលគិតជាទឹកប្រាក់តារារូបនេះទទួលបានមិនតិចម៉ឺនដុល្លារនោះ ឡើយ។
នៅពេលចោទសួរពាក់ព័ន្ធនឹងប្រាក់ចំណូលច្រើនក្តាំងពីតម្លៃខ្លួន ក្នុងស្ប៉តនីមួយៗ លោក ព្រាប សុវត្ថិ ហាក់សម្តែងភាពភ្ញាក់ផ្អើល ហើយនិយាយថា៖«ខ្ញុំដូចជាមិនហ៊ាននិយាយទេបងរឿងហ្នឹង វាជារឿងការងារ គ្រាន់តែខ្ញុំទទួលបានការងារច្រើនទាំងថតស្ប៉ត និងផ្សេងទៀតនៅមួយរយៈហ្នឹង»។
ក្រៅពីការថតស្ប៉តពាណិជ្ជកម្ម លោក ព្រាប សុវត្ថិ ក៏រវល់វិលមុខខ្ញាល់នឹងការបែងចែកពេលវេលាចេញច្រៀងនៅក្នុងកម្មវិធីប្រគំតន្ត្រីនានាទាំងនៅភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរក្នុងតម្លៃខ្លួនខ្ពស់កប់ពពកនា រដូវក្តៅនេះ។ គេអាចគិតដោយខ្លី ប្រសិនលោក ព្រាប សុវត្ថិ ចេញច្រៀងតាមខេត្ត ឬ នៅភ្នំពេញ តែម្តងក្នុងមួយសប្តាហ៍ ក៏ទទួលបានចំណូលមិនតិចជាងម៉ឺនដែរក្នុងមួយខែ ចុះបើសប្តាហ៍ខ្លះ លោកទទួល២ ឬ៣កម្មវិធីនោះ តើប្រាក់កម្រៃរបស់តារារូបនេះនឹងមានកំណើនប៉ុនណា?
ម្យ៉ាងវិញទៀត ប្រាក់កម្រៃដែលលោកទទួលបានពីការងារច្រៀងនៅរស្មីហង្សមាស ក៏មិនតិចតួចដែរ ក្នុងនាមជាតារាល្បីជាងគេដែលបានបម្រើការងារនៅទីនោះជាង១០ឆ្នាំ នោះ។
ដូច្នេះតាមរយៈការវាយតម្លៃទៅលើការងារធំៗមួយចំនួនដោយត្រួសៗ គេបានដឹងស្ទើរតែ១០០ភាគរយថា ប្រាក់ចំណូលរបស់តារារូបនេះ មានចំនួនប្រមាណជិតកន្លះលានដុល្លារដោយប្រើពេលតែប៉ុន្មានខែចុង ក្រោយប៉ុណ្ណោះ។ ការប្តូរមកជិះរថយន្តម៉ាក Rang Rover ដែលភាគច្រើនគេសង្កេតឃើញតែមន្ត្រីរដ្ឋាភិបាលធំៗ និងអ្នកមានស៊េរីឧកញ៉ាជិះនោះ មិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់តារាចម្រៀង ព្រាប សុវត្ថិ ឡើយ បើប្រៀបធៀបជាមួយគម្រោងមួយផ្សេងទៀតដែលលោក ព្រាប សុវត្ថិ កំពុងធ្វើ និងត្រូវចំណាយប្រាក់អស់រាប់សិបម៉ឺនដុល្លារ តែលោកមិនទាន់បញ្ចេញនោះ។
លោក ព្រាប សុវត្ថិ បានបញ្ជាក់ថា៖«បាទបង គម្រោងហ្នឹងខ្ញុំគិតថា ចាំប្រាប់នៅពេលក្រោយចុះ»៕
No comments:
Post a Comment