អ៊ីស្លាមបាដៈ អតីតភរិយាទាំងបីនាក់ របស់មេភេរវករ អន្តរជាតិ អូសាម៉ា ប៊ិនឡាដិន ត្រូវបានអាជ្ញាធរ ប៉ាគីស្ថាន កាត់ទោស ហើយពីបទធ្វើអន្តោប្រវេសន៍ ចូលប្រទេសនេះ ដោយខុសច្បាប់ ជាមួយនឹងស្វាមីរបស់ពួកនាងកាលនៅរស់។
យោងតាមព័ត៌មាន BBC បានឲ្យដឹងនៅថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១២ នេះទៀតថាលោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន រ៉េហ៍មែន ម៉ាលីគ បានបញ្ជាក់ថា ស្ត្រីជាតិ ស៊ូដង់ពីររូប និងយេមែនមួយរូប ត្រូវបានកាត់ទោសរួចហើយ ប៉ុន្តែសេចក្តីសម្រេចចុងក្រោយយ៉ាងណានោះ នៅមិនទាន់បានដឹងនៅឡើយទេ ដោយរង់ចាំ ការកាត់ក្តីដំណាក់កាលចុងក្រោយ។
គួរបញ្ជាក់ផងដែរថា ស្ត្រីម៉េម៉ាយទាំងបីនាក់ រួមជាមួយនឹងកូន ១០នាក់ផងនោះ ត្រូវបានអាជ្ញាធរប៉ាគីស្ថាន ចាប់ឃុំខ្លួនកាលពីខែឧសភា ឆ្នាំ២០១១ បន្ទាប់ពី អូសាម៉ា ប៊ិនឡាដិន ត្រូវបានកងកម្លាំងពិសេស និងសម្ងាត់របស់អាមេរិក សម្លាប់នៅប្រទេសប៉ាគីស្ថាននោះ។ ស្ត្រី និងកូនក្មេងទាំងនោះ បានកំពុងតែរស់នៅក្រុង អាប់ប៊ូតតាបាដ នៅពេលដែលយោធាអាមេរិក វាយប្រហារផ្ទះប៊ិនឡាដិន និងសម្លាប់មេដឹកនាំនេះបាន កាលពីខែឧសភា ឆ្នាំ២០១១ ។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ បានបញ្ជាក់ទៀតថា ស្ត្រីអតីតភរិយាប៊ិនឡាដិន ទាំងនោះ បានចូលមកប្រទេសប៉ាគីស្ថាន ដោយខុសច្បាប់ និងបានចូលរួមប្រព្រឹត្ត បទល្មើសមួយចំនួន ទៀតដូចជាក្លែងបន្លំ និងឆក់ប្លន់ជាដើម។ ដំណាក់កាលដំបូងស្ត្រី ទាំងនេះត្រូវគេឃុំខ្លួនក្នុងគេហដ្ឋាន រង់ចាំការកាត់ក្តី នៅដំណាក់កាលបន្ទាប់ ទៀត។
No comments:
Post a Comment